ពិធីបុណ្យចូលឆ្នាំចិន
ពិធីបុណ្យចូលឆ្នាំចិន

ពិធីបុណ្យនិទាឃរដូវឬជាពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺមានប្រភពតាំងពីបរមបុរាណមកម្ល៉េះហើយមានសារៈសំខាន់ បំផុតសំរាប់ប្រជាជនចិន នៅគ្រប់តំបន់ក្នុងសកលលោក ដែលនិយមប្រារព្ធក្នុងរយៈពេល១៦ថ្ងៃ។​ ម៉្យាងទៀត នៅក្នុងពិធីនេះ ចិនមានបង្គាប់នូវទំនៀមទំលាប់ជាច្រើនតាមរយៈ ម្ហូបអាហារ ការតុបតែងផ្ទះសំបែង ការស្វាគមន៏ និងជូនអំណោយ។

១, ការរៀបចំនៅមុនថ្ងៃចូលឆ្នាំថ្មី

-សំអាតផ្ទះ

ចាប់ពីថ្ងៃទី២៣ក្នុងខែច័ន្ទគតិមក ប្រជាជនចិនទាំងអស់ចាប់ផ្តើមនាំគ្នាបោសសំអាតផ្ទះសំបែង របស់ពួកគេគ្រប់កន្លែង ដើម្បីជំរះភាពសៅហ្មងទាំងឡាយ អោយចេញអោយឆ្ងាយហើយសុំអោយឆ្នាំថ្មីនាំយកអ្វីៗដែលល្អៗ មកអោយពួកគេទាំងសុខភាព គ្រួសារមានសុភមង្គល រកស៊ីមានបាន និងសមប្រកបគ្រប់កាលៈទេសៈ។

-ទិញដូរសំភារៈថ្មីៗ ផ្លាស់របស់ចាស់ៗចោល

ប្រជាពលរដ្ឋភាគច្រើនមុនពេលដែលពិធីបុណ្យចូលឆ្នាំចិនជិតចូលមកដល់ ពួកគេបានប្រញ៉ាប់រួសរាន់ទៅដើរផ្សារ ដើម្បីរកមើលទិញសំភារៈ ដែលចាំបាច់សំរាប់ត្រៀមក្នុងពិធីបុណ្យតែម្តងមានដូចជា ម្ហូបអាហារ នំកញ្ចប់ គ្រឿងតុបតែងដូចជា ក្រដាសមាសប្រាក់សំរាប់បូជាដូនតា ក្រដាសយ័ន្ត និងសំលៀកបំពាក់ថ្មីៗសំរាប់ឆ្នាំថ្មី។

២, សកម្មភាពនៅថ្ងៃចូលឆ្នាំ

-ការរៀបចំតុបតែងម្តងទៀត

ទោះបីជា ពួកគេបានរៀបចំតាំងពីប៉ុន្មានថ្ងៃមុនក៏ដោយ តែនៅពេលចូលឆ្នាំតែម្តង ត្រូវមានប្រដាប់ប្រដាជាច្រើនដែលត្រូវបិទនិងដាក់បន្ថែមដូចជា នៅក្នុងផ្ទះត្រូវមានសណ្ឋានភាពពណ៌ក្រហមគ្រប់កន្លែង ដោយមានពាក់គោមភ្លើងក្រហម កំរាលក្រហម រូបគំនូរក្រហម។ នៅឆ្នាំ២០១៦ខាងមុខនេះគឺជាឆ្នាំស្វា ដូច្នេះ រូបស្វាប្រាកដជាមាននៅគ្រប់កន្លែង៖

បិទក្រដាសចូលឆ្នាំថ្មីនៅក្លោងទ្វារខាងមុខផ្ទះ

ក្រដាសតំណាងអោយភាពហេងហេងមានបានចូលមកក្នុងគ្រួសារ

រីករាយពេលទទួលអាហារនាពេលឆ្នាំថ្មីជាមួយគ្រួសារនិងអ្នកជាស្រលាញ់

អោយអាំងប៉ាវ(ប្រាក់នាំសំណាងដល់កូនចៅ)

ចូលរួមកម្មវិធីសប្បាយៗជាមួយគ្រួសារ

ចាំស្តាប់សំលេងកណ្តឹងរោទិ៏នៅពេលចូលឆ្នាំមកដល់

៣, ក្នុងថ្ងៃចូលឆ្នាំតែម្តង

-ពិធីដុតផាវនិងកាំជ្រូច

ការដុតផាវនិងកាំជ្រូចក៏ជាព្រឹត្តិការណ៏តំណាងមួយក្នុងបុណ្យប្រពៃណីចិនដែរ ដែលមាននៅគ្រប់ ទីកន្លែង មិនថានៅស្រុកចិន ឬប្រជាជន ដែលកំពុងរស់នៅតាមបណ្តាប្រទេសជិតឆ្ងាយមួយចំនួន។ ប៉ុន្តែដោយសារតែវា​បង្កនៅសំលេងឡូឡាខ្លាំងនិងគ្រោះថ្នាក់ដល់ពួកគេ រហូតដល់ពេលនេះ រដ្ឋាភិបាលបានហាមឃាត់នៅតាមទីក្រុងធំៗមួយចំនួនដូចជាប៉េកាំង ក្វាំងជូវ និងសៀងហៃ។

-ពិធីសែនដូនតា

ពីមួយជំនាន់ទៅមួយជំនាន់របស់ដូនតាចិន បានបន្តទំនៀមទំលាប់របស់ខ្លួនយ៉ាងទូលំទូលាយពីមួយតំបន់ទៅមួយតំបន់។ ប្រជាជនចិនតែងតែនាំគ្នាទៅបោសសំអាត នៅផ្នូរដូនតានៅឯព្រៃដើម្បីគោរពបូជាដល់ពួកគាត់ ហើយអញ្ជើញអោយត្រលប់ទៅផ្ទះ ចូលរួមឆ្នាំថ្មីនិងពិសារភោជនាអាហារដែលកូនចៅសែនទៅអោយ។ ពេលដែលទទួលទានរួចហើយ សូមអោយពរសប្សារធុក្ការហេងហេងចូលមក ដោយលុតជង្គង់និងដុតក្រដាសមាសប្រាក់ជូនពួកគាត់ពេលដែលអស់សរសៃធូប ដែលគេសំគាល់ថា “ដូនតាបានពិសាររួចហើយ”។

-ជូនពរនូវពាក្យល្អៗដល់គ្នាទៅវិញទៅមក

ទំនៀមទំលាប់របស់ចិនល្បីថា ជាអ្នកស្វះស្វែងខាងជំនួយរកស៊ី ទើបបានជានៅពេលចូលឆ្នាំម្តងៗ ប្រជាជនចិនតែងតែបង្ហាញនៅភាពរាក់ទាក់ និងស្វាគមន៏ជាមួយភ្ញៀវរួមជាមួយស្នាមញញឹមនិងភាពប៉ិនប្រសប់។ ចំពោះក្មេងៗ ដែលទៅសួរសុខ ទុកមនុស្សចាស់ ត្រូវបួងសួងអោយ ពួកគាត់មានសុខភាពល្អនិងមានអាយុយ៉ឿនយូរ។

-ពិធីរាំម៉ុងសាយ

ពេលដែលបញ្ចប់ពិធីសែនដូនតារួចមក នៅមានពិធីរាំម៉ុងសាយនៅតាមផ្ទះ សាលារៀន ផ្សារ និងទីកន្លែងប្រជុំជន។ ពិធីរាំនេះមានការពេញនិយមណាស់ នៅក្នុងប្រទេសចិន ជាពិសេសសំរាប់ក្មេងៗ។

 ប្រពៃណីចិនបានក្លាយជាវប្បធម៌ដ៏ថ្កុំថ្កើងមួយតាំងពីយូរយារណាស់មកហើយ ហើយនៅពេលសព្វថ្ងៃនេះ ទាំងមុខជំនួញនិងអក្សរសាស្រ្តរបស់ចិន ក៏កំពុងរីកដុះដាល លើគ្រប់ស្រទាប់វប្បធម៌របស់ប្រទេសនានា៕